ចិន៖ កូនក្រមុំស្លុតចិត្តស្ទើរបែកទ្រូង ពេលដឹងថាអនាគតស្វាមីរបស់នាង តាមពិតជាមនុស្សបោកប្រាស់គ្រប់រូបភាព ដែលបានជួលភ្ញៀវក្លែងក្លាយរាប់រយនាក់ ទាំងមិនមែនជាសាច់ញាតិខ្លួនផង ឲ្យមកចូលរួមបន្លំភ្នែកក្នុងថ្ងៃមង្គលការរបស់ខ្លួន ដែលបានរៀបចំធ្វើឡើងក្នុងទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន កាលពីពេលកន្លងទៅ។ យោងតាមប្រភពបានឲ្យដឹងថា អ្នកនាង Liu និងលោក Wang មានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលជាងបី ទៅបួនឆ្នាំមកហើយ ហើយពួកគេរៀបការជាមួយគ្នា ដោយឪពុកម្តាយរបស់លោក Wang មិនបានដឹងលឺទាល់តែសោះ។
នៅថ្ងៃមង្គលការញ៉ាំអាហារពេលល្ងាច លោក Wang បានជួលកម្មករ និស្សិតៗ ក្មេងចាស់ប្រុសស្រីចំនួន ២០០នាក់ ឲ្យមកចូលរួម ក្នុងម្នាក់តម្លៃ១១ដុល្លារ និងញ៉ាំអាហារដោយមិនបាច់ចងដៃ។ អំឡុងពេលភ្ញៀវទទួលទានអាហារ កូនក្រមុំ នាង Liu បានដើរទៅនិយាយលេងជាមួយភ្ញៀវ តែក្រោយមកទើបនាងដឹងថា ភ្ញៀវដែលចូលរួមយ៉ាងច្រើនពេញៗតុនោះ មិនមែនជាសមាជិក ឬសាច់ញាតិក្រុមគ្រួសារខាងកូនកម្លោះ ដែលត្រូវជាស្វាមីរបស់នាងនោះទេ។ ព្រោះនៅពេលដែលនាង បាននិយាយទៅកាន់ភ្ញៀវទាំងអស់នោះ ពួកគេគ្រប់គ្នាគ្រាន់តែបានប្រាប់ថា ជាមិត្តភក្តិប្តីរបស់នាងតែប៉ុណ្ណោះ។
ក្នុងគ្រានោះអ្នកនាង Liu បានចាប់ផ្តើមមានការព្រួយបារម្ភ និងសង្ស័យ នៅពេលមិនឃើញមានវត្តមានឳពុកម្តាយខាងប្តីមកចូលរួម។ ពេលនាងសួរ លោក Wang បានប្រាប់វិញថា ឪពុកម្តាយរបស់គាត់កំពុងតែជិះមកតាមផ្លូវហើយ។ ប៉ុន្តែផ្ទុយទៅវិញ លេសដោះសាររបស់លោក Wang កាន់តែធ្វើឲ្យ Liu និងគ្រួសាររបស់នាងអស់ជំនឿ និងយល់ថាជាការបោកបញ្ឆោត ក៏បានទូរស័ព្ទហៅសមត្ថកិច្ច មកចាប់ខ្លួនលោក Wang តែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការកុហកបោកប្រាស់របស់លោក Wang គឺមិនមែនទើបតែជាលើកទីមួយនោះទេ។ ពោលចាប់តាំងតែ លោក Wang និង នាង Liu បានស្គាល់ណាត់ជួបគ្នាគ្រាដំបូងមកម្ល៉េះ។ មិនត្រឹមប៉ុណ្ណោះលោក Wang ធ្លាប់បានឆបោកប្រាក់ពីគ្រួសាររបស់នាង Liu អស់ដល់ទៅជាង ១.២៥លានយ័ន (ប្រមាណ១៨ម៉ឺនដុល្លារអាមេរិក) ទៀតផង។ លើសពីនេះ ថែមទាំងធ្លាប់បានខ្ចីលុយ ពីគ្រួសាររបស់នាងដល់ទៅជិត ៦ម៉ឺនដុល្លារកាលពីក្នុងអំឡុងឆ្នាំ២០១៥ ដោយប្រើលេសថា ត្រូវការលុយមួយចំនួនធំ ដើម្បីបង្វិលទុនក្នុងអាជីវកម្ម។ បន្ថែមលើនេះ លោក Wang បានដើរខ្ចីលុយគេឯងអស់ ៧សែនយ័នទៀត (ប្រហែលជា១០ម៉ឺនដុល្លារអាមេរិក) ដើម្បីយកមកធ្វើជាថ្លៃបណ្ណាការ រៀបចំពិធីមង្គលការនេះ និងទិញឡានមួយគ្រឿង។ នេះយោងតាមសារព័ត៌មាន China Business News បានចុះផ្សាយ។
ចំពោះករណីនេះដែរ ក្រោយកើតហេតុឪពុកម្តាយលោក Wang ក៏បានចេញមុខជួយដោះស្រាយ ដោយសន្យាថានឹងសងថ្លៃការខូចខាតទាំងអម្បាលម៉ាន មកកាន់ក្រុមគ្រួសាររបស់នាង Liu វិញ ក្រោយពីទង្វើដ៏ខុសឆ្គងដែលកូនប្រុសរបស់ពួកគាត់បានប្រព្រឹត្តិកន្លងមក។ ទោះបីជាយ៉ាងណាជុំវិញនឹងករណីនេះ លោក Wang ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់៕
No comments:
Write comments